កញ្ញា ហេង ហ៊ុយហ៊ួង គឺជាបេក្ខជនម្នាក់ក្នុងចំណោម២នាក់ផ្សេងទៀតដែលបានទទួលអាហារូបករណ៍ទៅរៀននៅសាកលវិទ្យាល័យលូស៊ាន ប្លាកា ក្នុងទ្វីបអឺរ៉ុបរយៈពេលកន្លះឆ្នាំតាមរយៈអាហារូបករណ៍ Erasmus។

ជានិស្សិតឆ្នាំទី៤ ជំនាន់ទី១២នៃដេប៉ាតឺម៉ង់ប្រពន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ កញ្ញា ហេង ហ៊ុយហ៊ួង គឺជាបេក្ខជនម្នាក់ក្នុងចំណោម២នាក់ផ្សេងទៀតដែលបានទទួលអាហារូបករណ៍ទៅរៀននៅសាកលវិទ្យាល័យលូស៊ាន ប្លាកា ក្នុងខេត្ត សៃបូ (Lucian Blaga University ofSibiu) ប្រទេសរ៉ូមានីក្នុងទ្វីបអឺរ៉ុបរយៈពេលកន្លះឆ្នាំតាមរយៈអាហារូបករណ៍ Erasmus។

កញ្ញាទទួលបានដំណឹងពីអាហារូបករណ៍នេះតាមរយៈសិស្សច្បង និងមិត្តភក្តិ ហើយក៏មានចំណាប់អារម្មណ៍ និងចង់ស្គាល់អឺរ៉ុបដោយសារតែមាននិស្សិតជាច្រើនបានជាប់អាហារូបករណ៍នេះ។កញ្ញាប្រាប់ថា៖«សម្រាប់ប្រទេសរូម៉ានី គឺខ្ញុំអត់បានរើសថាខ្ញុំនឹងទៅប្រទេសណាមួយក្នុងអឺរ៉ុបទេដោយគិតថាអោយតែចេញពីអាស៊ីទៅគឺរៀនបានច្រើន ដោយសារតែខ្ញុំគិតថាវប្បធម៌ផ្សេងគ្នាពីអ្វីដែលគេមានហើយយើងអត់មាន»។ដោយការជ្រើសយកជំនា​ញផ្នែកទំនាក់ទំនងកញ្ញាក៏ត្រូវបានគេផ្ទេរទៅប្រទេសរូម៉ានីតែម្តង ព្រោះថាគេបញ្ជូនសិស្សតាមជំនាញដែលត្រូវនឹងសាលាមួយៗនៅប្រទេសក្នុងអឺរ៉ុប។

សូមបញ្ជាក់ផងដែរថាការដាក់ពាក្យយកអាហារូបករណ៍គឺធ្វើតាមអនឡាញ ដោយចូលទៅកាន់វិបសាយរបស់សកលវិទ្យាល័យភូមិន្ទភ្នំពេញ​ឬក៏ចូលទៅកាន់វិបសាយរបស់កម្មវិធី Erasmus ដោយផ្ទាល់ហើយត្រូវបំពេញព័ត៌មានតាមអនឡាញផងដែរ។

កញ្ញាបានបន្តទៀតថាយើងគ្រាន់តែចូលទៅកាន់វិបសាយរបស់កម្មវិធី Erasmusនោះផ្ទាល់ ឬក៏អាចចូលតាមគេហទំព័ររបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ព្រោះថា Erasmus មានចុះ MOU ជាមួយគ្នាដូចនេះរាល់កម្មវិធីឬព័ត៌មានអាហារូបករណ៍ដែលមានជាប់ទាក់ទងជាមួយនឹងសាលា នោះសាលានឹងបង្ហោះនៅក្នុងគេហទំព័រផងដែរ។

កញ្ញាបានលើកឡើងថាការលំបាកគឺមិនសូវមានទេ ព្រោះថាគេត្រូវការតែសៀវភៅគ្រួសារអត្តសញ្ញាណប័ណ្ឌ លិខិតឆ្លងដែន ព្រឹតិបត្តិពិន្ទុ និង ឯកសារដទៃទៀត។ តែងអ្វីដែលសំខាន់នោះគឺត្រូវការពេលច្រើនដើម្បីធ្វើវា ដោយសារតែខាងគេ តម្រូវអោយមានសៀវភៅគ្រួសារបកប្រែជាភាសាអង់គ្លេសចំពោះឯកសារណាដែលមានតែភាសាខ្មែរ ដូចនេះគឺត្រូវប្រែទៅជាភាសាអង់គ្លេសទាំងអស់ដើម្បីអោយខាងសាលានៅទីនោះមើលយល់។សម្រាប់ការធ្វើឯកសារទាំងនោះគឺត្រូវប្រើពេលច្រើននិងអ្វីដែលពិសេសនោះគឺបេក្ខជនដែលដាក់ពាក្យត្រូវធ្វើលិខិតបញ្ជាក់ពីគោលបំណងដែលចង់ទៅរៀនជំនាញដែលយើងជ្រើសរើស។

ជាមួយគ្នានោះដែរនៅក្នុងលិខិតនោះកញ្ញាបានបញ្ជាក់ថា គេសួរដូចជា៖ ហេតុអ្វីបានជាយើងជាបេក្ខជនដែលគេត្រូវអោយអាហារូបករណ៍ដោយហេតុនោះហើយទើបកញ្ញាត្រូវការពេលវេលាច្រើនដើម្បីសរសេរអោយគេជ្រើសរើសយកកញ្ញា។

ជីវិតនិងការសិក្សានៅប្រទេសរ៉ូម៉ានី

កញ្ញាបានលើកឡើងថាសម្រាប់ការរៀននៅទីនោះគឺភាគច្រើនប្រើភាសារ៉ូម៉ានី(ទោះបីជាគ្រូនិងសិស្សចេះនិយាយភាសាអង់គ្លេសក៏ដោយ)ដូចនេះមានពេលខ្លះកញ្ញាពិបាកនឹងបញេ្ចញមតិនៅពេលកំពុងរៀន។ ហើយដើម្បីអោយរៀនទាន់គេគឺកញ្ញាសម្រេចចិត្តទៅនិយាយជាមួយគ្រូអំពីផលលំបាកដែលកញ្ញាមានពេលនោះគ្រូខ្លះក៏បង្គាប់អោយមិត្តរួមថ្នាក់ជួយបកប្រែជាភាសាអង់គ្លេសអោយកញ្ញាស្តាប់រីឯគ្រូខ្លះទៀតគឺអោយសៀវភៅកញ្ញាយកទៅអាន ឬឯកសារដែលមានជាភាសាអង់គ្លេសមុនមកថ្នាក់ និងមានគ្រូខ្លះទៀតបានជួយសង្ខេបមេរៀនអោយនៅពេលដែលបញ្ចប់ថ្នាក់ ដូចនេះកញ្ញាអាចរៀនបាន។

ចំណែកឯអាកាសធាតុគឺត្រជាក់ខ្លាំង(-10c)វាមានភាពខុសគ្នាខ្លាំងនឹងប្រទេសកម្ពុជាដូចនេះពេលថ្ងៃខ្លះដែលម៉ាស៊ីនកម្តៅអត់ដំណើរការ គឺធ្វើអោយកញ្ញាពិបាករស់នៅ ព្រោះវាត្រជាក់ខ្លាំង។ម្យ៉ាងវិញទៀតគឺកញ្ញាគឺមិនចេះបរិភោគអាហារនៅទីនោះ ដូចនេះត្រូវបង្ខំចិត្តធ្វើម្ហូបញុំាដោយខ្លួនឯងបើទោះបីជាពីមុនមិនធ្លាប់ធ្វើម្ហូបក៏ដោយ។

កញ្ញាលើកឡើងថា៖«ថ្ងៃខ្លះធ្វើញុំាបានទៅ ថ្ងៃខ្លះធ្វើញុំាមិនបានចេះតែទ្រាំញុំាទៅ»។ នៅទីនោះគឺធ្វើអោយកញ្ញាក្លាយទៅជាមនុស្សឯករាជនិង មានទំនួលខុសត្រូវលើជីវិតរបស់ខ្លួន មិនតែប៉ុណ្ណោះកញ្ញាចេះគ្រប់គ្រងពេលវេលានិងហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាពផងដែរ។​

អ្វីដែលគួរឲ្យកត់សម្គាល់ក្នុងពេលកំពុងសិក្សានៅប្រទេសរ៉ូមានីកញ្ញាបានបង្កើតវីដេអូមួយក្នុងថ្ងៃបុណ្យណូអ៊ែល ដោយអោយសិស្សដែលមកពីតាមបណ្តាប្រទេសនានាមកនិយាយភាសារបស់ពួកគេរៀងៗខ្លួនលើពាក្យ​ « ខ្ញុំស្រឡាញ់អ្នក» ជា១៦ភាសាដើម្បីអបអរឆ្នាំថ្មី ២០១៦។  ធ្វើដូចនោះខាងអាហារូបករណ៍ Erasmusពេញចិត្តដោយលើកថាកញ្ញាមានគំនិតច្នៃប្រឌិត ជាមួយគ្នានោះដែរសិស្សទាំងអស់គឺមានភាពស្និទ្ធស្នាលជាមួយគ្នាកាន់តែខ្លាំង។

ជាចុងក្រោយកញ្ញាបានផ្តាំផ្ញើថា៖ « យុវជនទាំងអស់ត្រូវជឿជាក់និងគិតនៅក្នុងចិត្តថា យើងគឺជាបេក្ខជនដែលកម្មវិធីអាហារូបករណ៍ Erasmus ឬអាហារូបករណ៍ផ្សេងទៀតកំពុងតែស្វែងរក ចឹងយើងត្រូវហ៊ានដាក់ពាក្យប្រឡងដើម្បីបំពេញក្តីស្រមៃរបស់ខ្លួន»៕

 អត្ថបទដោយ ចាន់ ជីវ៉ា